Saturday, July 16, 2016

កាល​មុនពុទ្ធសម័យ

កាល​មុនពុទ្ធសម័យ

មុនព្រះសម្មាសម្ពុទ្ធ ឧប្បត្តិឡើងក្នុង​លោក​សភាព​ទស្សនវិជ្ជា​និង​សីលធម៌​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បានធ្លាក់​ចុះ​ក្នុងការ​ច្របូកច្របល់​វិកវរយ៉ាង​ធ្ងន់​ធ្ងរ​ដោយ
១- ពួកព្រាហ្មណ៍ ជាអ្នក​ដឹកប្រជាជន​បាន​ប្រៀន​ប្រដៅ​ឲ្យ​ធ្វើ​ពលិកម្មសព្វ​យ៉ាង​ដែល​ផ្ទុយ​ស្រឡះ​អំពី​សីលធម៌។ ពួក​នេះ​ឲ្យ​ពិឃាត​សត្វចតុប្បាទ​ដើម្បី​បូជា​ព្រះអាទិទេព​បួងសួង​សុំ​សេចក្ដី​ប្រោស​ប្រណី​ឲ្យ​បាន​សេចក្ដី​សុខ។
២- ពួក​គ្រូ​ក្នុង​លទ្ធិ​ព្រាហ្មណ៍​ពន្យល់ថា​ព្រះអាទិទេព ព្រះអង្គ​ទ្រទ្រង់​នូវ​អានុភាព​សព្វ​យ៉ាង ហើយ​តែ​គាប់​ព្រះហឫទ័យ​នឹង​ជនណា​នោះ​មុខ​ជា​នឹង​បាន​ទៅ​កាន់​ឋានសួគ៌​ពុំ​ខាន​ក្រោយ​ពេល​មរណៈ​កាល។
៣- ប្រជាជន​ជាន់​ដើម​ដែល​លិចលង់​ទៅ​ក្នុង​ក្ដីល្ងង់ខ្លៅ​ជាច្រើន ចេះ​តែ​នាំ​គ្នា​ជឿ​ឈ្លក់​ក្នុង​ចិត្ត​តាំង​ពី​អ្នក​ក្រីក្រ​រហូត​ដល់​ទៅ​ព្រះមហាក្សត្រិយ៍ ម្ល៉ោះ​ហើយ​កាល​សម្លាប់​សត្វ​ក៏​សឹង​មាន​ធ្វើ​រាល់​រាត្រី ពី​ព្រោះ​តែ​លទ្ធិសាសនា​នោះ​ឯង។
៤- ចំណេរ​ក្រោយ​មក​មនុស្ស​ទាំង​ឡាយ ហាក់​ដូច​ជាភ្ញាក់​ខ្លួន​ចំពោះ​តម្លៃ​នៃ​ពលិកម្ម​នេះ​កាន់​តែ​ខ្លាំង​ឡើងៗ ទើប​លេច​ផុស​អ្នក​ចេះ​ដឹង​ណែនាំ​ឲ្យ​ទាត់​ចោល​នូវ​អំណាច​ពួក​ព្រាហ្មណ៍​ហើយ​ល្បង​បំបែក​ទស្សនវិជ្ជា និង​សីលធម៌​បែប​ថ្មី​ដោយ​ផ្សំ​តាមអធ្យាស្រ័យ​របស់​ខ្លួន​ឡើង។
ក្នុង​បណ្ដាល​អ្នក​ចេះ​ដឹង​ទាំង​នោះ​មាន​ពួក​ចវិកៈ​ដែល​មិន​ជឿ​ថា​ស្លាប់​ទៅកើត​ទៀត។ ពួក​នោះ​ដែល​ជា​អ្នក​វត្ថុធាតុ​និយម​យល់​ថា មនុស្ស​កើត​ឡើង​ហើយ​ត្រូវ​ស្លាប់​ទៅ​វិញ​ដូច​ជាវត្ថុ​ធាតុ​ឯទៀត​ដែល​យើង​ធ្លាប់​ឃើញស្រាប់​ហើយ​ដែរ។
ឧទាហរណ៍ ដូច​យ៉ាង​ក្អម​ទឹក​ដែល​កើត​អំពី​ស្នាដៃ​ស្មូនឆ្នាំង គ្រាន់​តែ​តាំង​នៅ​មួយ​ពេល​កាល​មួយ​កាល​ហើយ​ក៏​បែក​ធ្លាយ​ទៅ​វិញ ក្អម​នេះ​បែក​ធ្លាយ​យ៉ាង​ណា មនុស្ស​ដែល​កើត​មក​ក៏​រស់​នៅ​តែ​មួយ​កាល ហើយ​ស្លាប់​បាត់​បង់ទៅ​វិញ​យ៉ាង​ដូច្នេះ​ដែរ។
ការ​យល់​ថា​មនុស្ស​ស្លាប់​ហើយ​មិន​កើត​វិញ​នោះ នាំ​បង្កើត​ទៅ​ជា​គំនិត​រក​តែ​សេចក្ដី​សប្បាយ​ក្នុងការរស់​នៅ​ជា​មនុស្ស ម្លោះ​ហើយតែង​តែ​នាំ​គ្នា​ផឹក​ស៊ី​ប្រព្រឹត្ត​អនាចារ​ពេញ​បន្ទុក​ឥត​រវល់​អើពើ​នឹង​ធ្វើ​អំពើ​ជាបុណ្យ​កុសល​សោះ​ឡើយ។ លុះ​មនុស្ស​ទាំង​ឡាយ​នាំ​គ្នាប្រព្រឹត្ត​អបាយមុខ​ពេញ​ទីទៅ ក៏​កើត​ទៅ​ជាការ​ចាក់​សម្លាប់​គ្នាដណ្ដើម​យក​សេចក្ដី​សប្បាយ​តែ​រៀង​ខ្លួន​ឥត​កោត​ញញើត​សោះ​តែម្ដង។ ឯសីលធម៌​របស់​សង្គម​ក៏​ដុនដាប​ធ្លាក់ចុះឥត​ឧបមាទៅ។
ដកស្រង់ចេញពីសៀវភៅ ប្រជុំត្រ័យរ័ត្នរៀប​រៀង​ដោយ ឆាយ ការ៉ាណូ

No comments:

Post a Comment