Sunday, July 17, 2016

មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ

ក្បាល​ពស់​កន្ទុយ​ពស់

មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខ ជាប់​ជំពាក់​នឹង​សុខ ទើប​មិន​រួច​ទុក្ខ ។

សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយ ខាង​ក្បាល​វា​មាន​ពិស ចូលទៅ​ជិត វានឹង​ខាំ បើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់ តែ​បើ​មិនប្រ​ញាប់​លែង​ទេ វា​នឹង​បែរ​ក្បាល​មក​ខាំ​បាន​ដូចគ្នា ព្រោះ​ទាំងក្បាល​ទាំង​កន្ទុយ​វា​នៅ​ក្នុង​តួ​ពស់​តែ​មួយ​ជាមួយ​គ្នា ។

សេចក្តី​ទុក្ខ​ដូច​ជា​ក្បាល​ពស់ ឯសេចក្តី​សុខ​ដូច​ជា​កន្ទុយ​ពស់ ។ សប្បាយ​ចិត្ត​ជា​សុខ ថ្នាំង​ថ្នាក់ចិត្ត​ជា​ទុក្ខ រមែង​កើត​អំពី​ម៉ែ​ឪជាមួយ​គ្នា គឺ​អវិជ្ជា​និង​តណ្ហា​នោះ​ឯង ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​មាន​នូវ​សេចក្តី​សុខ​ហើយ ចិត្ត​ក៏​នៅ​មិន​សប្បាយ មិន​ស្ងប់ ទាំង​ដែល​បាន​នូវ​របស់​ដែលពេញ​ចិត្ត​ផង ដូច​ជា​បាន​លាភ បាន​យស​ជា​ដើម ។ បាន​មក​ហើយ​សប្បាយ​ចិត្ត​ក៏​ពិត​មែន តែ​វា​ក៏​នៅ​មិន​ស្ងប់​ពិត ៗ ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់​បង់ ។

ការ​ភ័យ​ខ្លាច​ជា​មូល​ហេតុ​មិន​ឲ្យ​មាន​នូវ​សេចក្តី​ស្ងប់ ។ ពេល​ខ្លះ​ត្រូវ​វិនាស​ទៅ​ពិត ៗ ក៏​រឹង​រិត​តែ​ជា​ទុក្ខ​ក្រៃ​លែង ។ នេះ​សម្តែង​ឲ្យ​ឃើញ​ថា​សុខ​ពិត​មែន តែ​មាន​ទុក្ខ​ច្រឡូក​ច្រឡំ​ជាមួយ​ផង ហៅ​ថា​ សា​មិស​សុខ គឺ​ជា​សុខ​ដូចចាប់​ពស់​ត្រង់​កន្ទុយ ឬ ដូច​ត្រីជាប់​នុយ​នឹង​ផ្លែ​សន្ទូច ។

ដកស្រង់ចេញពីសៀវភៅៈ  ពាក្យ​ជេចន៍​ម៉ែ​ឪ
រៀបរៀងដោយៈ   លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

No comments:

Post a Comment